This article is for information only and doesn't call for any action.


គ្មាននរណាម្នាក់ ចូលចិត្តអ្នកដែលមានក្លិនមាត់មិនល្អនោះទេ។ វាជារឿងដ៏គួរឲ្យខ្មាសគេ និងបង្កភាពរំខានបំផុត ទើបមនុស្សម្នាក់ៗព្យាយាម កម្ចាត់ និងលាក់បាំងមិនឲ្យមានបញ្ហាក្លិនមាត់ តាមដែលអាចធ្វើទៅបាន។

រឿងលេខមួយ ដែលមនុស្សគ្រប់ៗគ្នាតែងតែធ្វើ ដើម្បីកម្ចាត់ក្លិនមាត់មិនល្អ គឺត្រូវដុសធ្មេញ ប៉ុន្តែអ្នកដឹងទេថា ការដែលយើងដុសធ្មេញតែមួយមុខ មិនអាចកម្ចាត់ចោលនូវខ្យល់ដង្ហើមអាក្រក់បាននោះទេ។ ពេលខ្លះអ្នក ដុសផង ប្រើថ្នាំខ្ពុរមាត់ផង ក៏នៅតែទទួលរងបញ្ហាខ្យល់ដង្ហើមមិនល្អ។

អ្នកវិទ្យាសាស្ដ្រដែលសិក្សាពីមូលហេតុ នៃអាការៈក្លិនមាត់មិនល្អ បានរកឃើញកត្តាដ៏គួរឲ្យភ្ញាក់ផ្អើលមួយចំនួន ដូចខាងក្រោម ៖

 

១. មិនញ៉ាំអាហារពេលព្រឹក

យើងដឹងថា អាហារពេលព្រឹក មានសារៈសំខាន់ជាងគេបំផុត ក្នុងចំណោមអាហារទាំងបីពេលប្រចាំថ្ងៃ ហើយការបរិភោគអាហារពេលព្រឹក  ក៏ជាកត្តាដែលធ្វើឲ្យអ្នកមានខ្យល់ដង្ហើមស្រស់ថ្លាផងដែរ។ នៅពេលដែលអ្នក មិនបានទទួលទានអាហារពេលព្រឹក ក្រពេញទឹកមាត់របស់អ្នកនឹងមានភាពអសកម្ម  ហើយនេះអាចធ្វើឲ្យមាត់របស់អ្នកស្ងួត ដែលបង្កឲ្យមានក្លិនមាត់មិនល្អ។ សូម្បីតែអ្នកដុសធ្មេញ និងប្រើទឹកថ្នាំខ្ពុរមាត់ មុនពេលចាកចេញពីផ្ទះហើយក្តី  ក៏ខ្យល់ដង្ហើមរបស់អ្នក នៅតែមិនស្រស់ថ្លា ដូចដែលអ្នកបានបរិភោគអាហារពេលព្រឹកឡើយ។

២. កាហ្វេ

អ្នកដែលចូលចិត្ត កាហ្វេ ប្រាកដជាមិនងាយផ្តាច់ការញ៉ាំកាហ្វេ នៅរៀងរាល់ព្រឹក ដោយងាយៗទេ  ទោះជាវាធ្វើឲ្យធ្មេញប្រែពណ៌  ឬបង្កជាក្លិនមាត់មិនល្អក៏ដោយ តែពូកគេអាចផឹកកាហ្វេ  តិចជាងរាល់ដង ដើម្បីកាត់បន្ថយបញ្ហាក្លិនមាត់។ ភេសជ្ជៈនេះ នឹងធ្វើឲ្យស្ងួតមាត់ របស់អ្នក។ អ្នកផឹកកាហ្វេបរិមាណកាន់តែច្រើន អ្នកនឹងមានបញ្ហាខ្យល់ដង្ហើមកាន់តែអាក្រក់។  សូមព្យាយាមកាត់បន្ថយ ការញ៉ាំកាហ្វេ ក្នុងមួយថ្ងៃត្រឹមមួយពែង ​ឬពីរពែង  និងផឹកទឹកមួយកែវ  ឬពីរកែវបន្ថែម ដើម្បីកុំឲ្យមាត់របស់អ្នកស្ងួតពេក។

៣. បាក់តេរីអាក្រក់

អ្នកអាចនឹងមានការភ្ញាក់ផ្អើល ដែលដឹងថាមាត់របស់អ្នក គឺជាផ្ទះរបស់បាក់តេរីទាំងល្អ ទាំងអាក្រក់។ បាក់តេរីអាក្រក់ ជាផ្នែកមួយនៃ មូលហេតុបញ្ហាក្លិនមាត់មិនល្អ។ ការសិក្សាបានបង្ហាញថា  ក្នុងចំណោមបាក់តេរីទាំងនោះ  “បាក់តេរី H. Pylori”  ជាបាក់តេរីដែលបង្កឲ្យមានខ្យល់ដង្ហើមមិនល្អ។  ដោយសារតែភាគច្រើន វារស់នៅលើអណ្តាតរបស់អ្នក  ដូច្នេះអ្នកត្រូវប្រាកដថា  ត្រូវដុសសម្អាតអណ្តាតរបស់អ្នក  រាល់ពេលដែលអ្នកដុសធ្មេញ។ បើសិនជាអាច ដុសឲ្យបាន ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

៤. ស្ករកៅស៊ូ

ជាធម្មតា នៅពេលដែលអ្នកមានអារម្មណ៍ថា ខ្យល់ដង្ហើមរបស់អ្នកមានក្លិនមិនល្អ អ្នកប្រាកដជាយកស្ករកៅស៊ូ មកទំពារក្នុងមាត់របស់អ្នក ដោយគិតថាវានឹងជួយបញ្ហានេះបាន។  ប្រសិនបើមានស្ករកៅស៊ូ ដែលមានជាតិផ្អែម Xylitol វានឹងអាចជួយធ្វើឲ្យខ្យល់ដង្ហើមរបស់អ្នកស្រស់ថ្លាជាងមុនបាន   ព្រោះការសិក្សាបានបង្ហាញថា មានតែស្ករកៅស៊ូដែលគ្មានជាតិស្ករ  និងមានជាតិផ្អែម Xylitol ប៉ុណ្ណោះ ដែលអាចការពារបាក់តេរី ដែលបណ្តាលឲ្យប្រហោងធ្មេញ  និងខ្យល់ដង្ហើមមិនល្អ។

៥. ខ្សែអំបោះសំអាតធ្មេញ

អ្នកអាចដុសធ្មេញញឹកញាប់ ខ្ពុរជាមួយទឹកថ្នាំខ្ពុរមាត់ ហើយព្យាយាមមិនញ៉ាំកាហ្វេ តែបើអ្នកបន្តភ្លេច យកខ្សែអំបោះមករុសសំអាតធ្មេញរបស់អ្នកនោះ ចំនីអាហារដែលស្ថិតនៅចន្លោះធ្មេញ នឹងបង្កជាបញ្ហាក្លិនមាត់អាក្រក់។ អ្នកអាចបិទក្រដាសចំណាំ នៅកញ្ចក់បន្ទប់ទឹក ដើម្បីកុំឲ្យអ្នកភ្លេចតទៅទៀត។

៦. ដកដង្ហើមតាមមាត់

អ្នកខ្លះដកដង្ហើមតាមមាត់ ដោយសារតែពួកគេតឹងច្រមុះជាដើម។ តែមួយចំនួនទៀត ក៏ធ្លាក់ចូលក្នុងទម្លាប់ ដកដង្ហើមតាមមាត់គ្រប់ពេលវេលា។ ប្រសិនបើអ្នកមានបញ្ហាក្លិនមាត់ស្រាប់ហើយ អ្នកមិនត្រូវបន្តដកដង្ហើមតាមមាត់នោះទេ! អ្នកដែលមិនមានបញ្ហាក្លិនមាត់ ក៏នឹងជួបបញ្ហានេះជាមិនខាន បើអ្នកប្រើមាត់មកដកដង្ហើម។ នៅពេលដែលមាត់របស់អ្នក បើកចំហរយូរពេក វានឹងស្ងួត  ហើយមាត់ស្ងួតជាមូលហេតុនៃខ្យល់ដង្ហើមអាក្រក់។

៧. ទទួលទានជាតិប្រូតេអ៊ីនច្រើនពេក

អាហារដែលសម្បូរជាតិប្រូតេអ៊ីន ជាអាហារដែលមានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ។ ប្រូតេអ៊ីនជាអាហារលេខមួយ ក្នុងការតមអាហារ ព្រោះវាធ្វើឲ្យអ្នកឆ្អែតបានយូរ។ ប្រូតេអ៊ីនជាធាតុចាំបាច់សម្រាប់រាងកាយ ប៉ុន្តែបើយើងញ៉ាំរបស់ល្អច្រើនពេក ក៏មិនមែនទទួលបានផលល្អនោះដែរ។  ប្រសិនបើអ្នកបំពេញរាងកាយរបស់អ្នក តែជាតិប្រូតេអ៊ីន ​ ហើយខ្វះជាតិកាបូនអ៊ីដ្រាត នោះអ្នកនឹងទទួលរងឥទ្ធិពលពីបញ្ហាក្លិនមាត់អាក្រក់ជាមិនខាន។  បើអ្នកត្រូវតមអាហារ អ្នកអាចបរិភោគរបបអាហារឲ្យមានតុល្យភាព និងរួមបញ្ចូលទាំងការធ្វើលំហាត់ប្រាណផង។

៨. ថ្នាំពេទ្យ

មនុស្សមួយចំនួន អាចនឹងទៅទិញថ្នាំពេទ្យដែលអាចធ្វើឲ្យបាត់ក្លិនមាត់ តែមុននឹងសម្រេចចិត្តទិញ  សូមអ្នកពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ព្រោះវាអាចផ្តល់ផលអវិជ្ជមានត្រលប់មកវិញ។  អ្នកអាចទំពារស្ករកៅស៊ូ xylitol និងញ៉ាំទឹកឲ្យច្រើន ដើម្បីជួយអ្នកវិញ។  យ៉ាងហោចណាស់ ផឹកទឹកឲ្យបាន ២ ឬ ៣ ដងក្នុងមួយថ្ងៃ ដើម្បីលុបបំបាត់បញ្ហាក្លិនមាត់។

៩. ស្រាក្រឡុក

មនុស្សមួយចំនួន គិតថាគ្មានអ្វីល្អជាងទៅញ៉ាំភេសជ្ជៈ ដើម្បីបន្ធូរអារម្មណ៍ បន្ទាប់ពីការងារដែលស្រ្តេសពេញមួយថ្ងៃនោះទេ។  ហើយប្រសិនបើអ្នកញ៉ាំចាប់ពី ៣ ទៅ ៤ កែវឡើងហើយ អ្នកនឹងមានបញ្ហាក្លិនមាត់ ជៀសមិនផុតឡើយ។ គ្រឿងស្រវឹងមាន ផលប៉ះពាល់ អវិជ្ជមាន លើក្រពេញទឹកមាត់ និងបង្កអោយមានបញ្ហាមាត់ស្ងួត។ ក្នុងការញ៉ាំបរិមាណតិចតូច វាមិនបង្កឲ្យមានបញ្ហានោះទេ តែប្រសិនបើអ្នកញ៉ាំច្រើនពេក អ្នកនឹងមានក្លិនមាត់មិនល្អ។

១០. ខ្លាចពេទ្យធ្មេញ

មានមនុស្សជាច្រើន ស្អប់គំនិតដែលគិតថាត្រូវតែទៅពេទ្យធ្មេញ ដើម្បីពិនិត្យមើលធ្មេញឲ្យបានទៀងទាត់  ប៉ុន្តែបើអ្នកមិនទៅទៀងទាត់ទេ អ្នកនឹងមានបញ្ហា ប្រហោងធ្មេញ  ជំងឺអញ្ចាញធ្មេញ  ឬឆ្លងមេរោគផ្សេងៗដែលអ្នកមិនបានដឹង។ ទាំងនេះហើយដែលធ្វើឲ្យអ្នកមានក្លិនមាត់មិនល្អ។ អ្នកគួរកំណត់ពេលពិនិត្យ  និងធ្វើការណាត់ជួបដើម្បីសម្អាតធ្មេញឲ្យបានទៀងទាត់ ដើម្បីបំបាត់បញ្ហាធ្មេញ​  អញ្ចាញ   ជាពិសេសក្លិនមាត់តែម្តង។

១១. មិនញ៉ាំបន្លែ និងផ្លែឈើ

ម្តាយរបស់អ្នកតែងតែឲ្យអ្នកបរិភោគបន្លែ  ហើយនេះគឺជារឿងត្រឹមត្រូវណាស់! ប្រសិនបើអ្នកមិនបរិភោគបន្លែ  និងផ្លែឈើស្រស់ឲ្យបានគ្រប់គ្រាន់ទេ  អ្នកអាចនឹងមានបញ្ហាក្លិនមាត់មិនល្អ។  ផលិតផលស្រស់ៗ គឺជាជម្រើសល្អបំផុត ដោយសារតែ មាត់របស់អ្នក ត្រូវបង្កើនការផលិតទឹកមាត់ ឲ្យទំពារ និងរំលាយ ផ្លែឈើ ក៏ដូចជាបន្លែ ដែលនឹងសម្អាតបាក់តេរី ដែលបង្កឲ្យមានក្លិនចេញពីមាត់របស់អ្នក បានយ៉ាងមានប្រសិទ្ធិភាព៕